Powered by Traffic Nova

    Sunday, March 25, 2012

    ប្រាក់ខែកីឡាករទាំង១០ក្លិបនៅកម្ពុជា


    ពត៌មាន​ជុំ​វិញ​ប្រាក់​ខែ​កីឡាករ​បាល់ទាត់នៅ​​តំបន់​អាស៊ាន ឬ ​បណ្ដា​ប្រទេស​នៅ​លើ​ពិភព​លោក ជា​ពិសេស​នៅ​តំបន់​អឺរ៉ុប​សុទ្ធ​តែ​បាន​បង្ហាញ​ប្រាក់​ខែ​​របស់​កីឡាករ​ ម្នាក់ៗ។ ​ប៉ុន្តែ​បើ​ងាក​មក​​​កាន់​ស្រុក​ខ្មែរ​​វិញ​ គេ​កម្រ​ឃើញ​មាន​កីឡាករ​ណា​ ឬ ក្លិប​ណា​ហ៊ាន​បង្ហើប​ឲ្យ​ដឹង​លម្អិត​ពី​ប្រាក់​ខែ​កីឡាករ​​ម្នាក់ៗ​ណាស់ ពោល​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​។ ​ឥឡូវ​​នេះ​ Sabay ​​បាន​​ព្យាយាម​ទាក់​ទង​ទៅ​​កាន់​ក្លិប​អាជីព​នៅ​កម្ពុជា​ទាំង​១០ ​ដើម្បី​​ឲ្យ​មិត្ត​អ្នក​អាន​បាន​ដឹង​ពី​រឿង​នេះ។
    ក្រុមថ្មីបឹងកេត
    ទាក់ទង​ទៅ​​នឹង​​បញ្ហា​​នេះ​ មាន​កីឡាករ​​បាល់ទាត់​ក្នុង​ស្រុក​​​មួយ​ចំនួន​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​​និយាយ​នឹង​ Sabay ​ស្រដៀងៗ​​គ្នា​​ថា ​ពួក​គេ​មិន​អាច​ប្រាប់​ពី​​​ប្រាក់​ខែ​​ជា​សាធារណៈ​បាន​ឡើយ​ ដោយសារ​​តែ​ជា​គោលការណ៍​របស់​ក្លិប​ដែល​មិន​ទាន់​អាច​បង្ហាញ​បាន។
    ជា​មួយ​គ្នា​នេះ​ ​ដើម្បី​​បក​ស្រាយ​​ទៅ​នឹង​​ការ​លាក់​លៀម​​រឿងប្រាក់​កម្រៃ​ប្រចាំ​ខែ​របស់​ កីឡាករ ជំនួយ​ការ​ និង​ជា​មន្ត្រី​រដ្ឋបាល​ក្រុមគីរីវង់សុខសែន​ជ័យ លោក ផាន់ ចាន់ផាត ​បង្ហើប​ថា​​កីឡាករ​ទាំង​​២៣​នាក់​​ក្នុង​ក្រុម​របស់​លោក មាន​ប្រាក់​​​ខែ​ចន្លោះ​ពី​​​​មួយ​​រយហាសិប​​ដុល្លារ​អាមេរិក​(១៥០ USD) ទៅពី​​ររយ​​​ដុល្លារ​អាមេរិក (២០០​ USD) ​ក្នុង​មួយ​ខែ គឺ​អាស្រ័យ​លើ​សមត្ថភាព​។ ​ជំនួយការ​​​សង្កត់​បន្ថែម​​ថា “​មិន​​ថេរ​ទេ នៅ​ពេល​កីឡាករ​ណា​ម្នាក់​​លេង​ឡើង​កូដ​ យើង​ឡើង​ប្រាក់​​​ឲ្យ​ដែរ បើ​គេ​ចុះ​ទម្រង់​​ យើង​ក៏​បន្ថយ​តិច​តួច​ទៅ​តាម​ហ្នឹង​ដែរ
    រី​ឯ​​ក្លិប​​អ្នក​មាន​ថ្មី​ ដែល​កំពុង​​ស្ថិត​ក្នុង​ការ​តាម​ដាន​ពី​​​​ទស្សនិកជន បឹង​កេត​ ​នោះ​ត្រូវ​បាន​​អ្នក​ចាត់​ការ​ទូទៅ​លោក បែ មករា បង្ហាញ​យ៉ាង​ក្បោះក្បាយ​ថា​ “​កីឡាករ​ទាំង​២៣​នាក់​រ​បស់​ខ្ញុំ​​​ ​ប្រាក់​​ខែ​​មិន​ស្មើ​គ្នា​ទេ​​ ​គឺ​ផ្អែក​​​លើ​​​សមត្តភាព​​។ ​​ប្រាក់​ខែ​មាន​ចន្លោះ​ពី​​​១​០០ ​ដុល្លារ​អាមេរិក ​ទៅ​២០០ ​រយ ​ដុល្លារ​​អាមេរិក​ ដែល​គិត​ជា​មធ្យម​ប្រមាណ​ជាង​១៥០​ដុល្លារ​អាមេរិក​​​ក្នុង​១​ខែ។ ក្នុង​នោះ​ក្លិប​រ៉ាប់រង​​​ការ​ស្នាក់​នៅ និង ​អាហារ​៣​ពេល​ ត្រូវ​បាន​ផ្គត់​ផ្គង់​​ រួម​ជា​មួយ​ប្រាក់​​លើក​ទឹក​ចិត្ត​​​ជា​​ក្រុម​មួយ​ចំនួន​ទៀត ពេល​​​ឈ្នះ​​ការ​​ប្រកួត​”​
    ដោយ​ឡែក​អ្នក​ចាត់​ការ​ក្រុម អគ្គស្នងការ​នគរបាល​ជាតិ លោក​ ជួន ណារិន សុំ​មិន​​អត្ថា​ធិប្បាយ​លម្អិត​​ពី​​ប្រាក់​​ខែ​របស់​កូន​ក្រុម​ខ្លួន​ទេ។ លោក​គ្រាន់​​តែ​បង្ហើប​​ថា ប្រាក់​​ខែ​កីឡាករ​ក្នុង​ក្រុម​ មាន​​៣​កម្រិត​ផ្សេង​គ្នា ពោល​ទៅ​តាម​​សមត្ថភាព​កីឡាករ។ ​​​ ​លោក​ក៏ សុំ​មិន​និយាយ​ថា​​ជា​ប្រាក់​ខែ​ទេ តែ​​និយាយ​ថា​ជា​ប្រាក់​ឧប​ត្ថម្ភ ព្រោះ​​កីឡាករ​ និង ​ក្លិប​​រួមរស់​ជាមួយ​គ្នា​​ពេល​នេះ គឺ​​ពឹង​លើ​មនោសញ្ចេតនា​​។ លោក​គូស​បញ្ជាក់​​​ទៀត​​ថា “​ខ្ញុំ​ហ៊ាន​ថា ទាំង​ប្រាក់​ឧបត្ថម្ភ និង ​ការផ្គត់ផ្គង់​​សម្ភារៈ ការហូប​ចុក​អី​នោះ គឺ​មិន​​ក្រោម​២​រយ​ដុល្លារ​​ក្នុង​​មួយ​ខែ​នោះ​ទេ

    លោកឡាយ សុធា ងាក​​មក​​កាន់​ក្លិប​ក្រសួង​ការពារ​ជាតិ ​វិញ​ ប្រាក់​ខែ​មាន​៣​កម្រិត​ ពី​ចន្លោះ​៧០​​ទៅ​​១០០​ដុល្លារ​អាមេរិក។ អាហារ​ប្រចាំ​ថ្ងៃ​គឺ​​៣​ពេល តែ​​ពេល​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​គឺ​​៤​ពេល ហើយ​​នៅ​ពេល​​​​ក្រុម​ទទួល​ជ័យជំម្នះ​​លើ​ប្រកួត​ណាមួយ ក៏​មាន​ប្រាក់​លើក​ទឹក​ចិត្ត​​ជា​ក្រុម​ផង​ដែរ នេះ​ជា​​ការ​ឆ្លើយ​តប​​របស់​លោក​ ទេព ឡុងរចនា អ្នក​ចាត់​ការ​ទូទៅ​​​របស់​ក្រុម។
    បើ​ក្រលេក​ទៅ​​​ក្រុម​ជើងឯក​ក្របខ័ណ្ឌ​ក១​​ឆ្នាំ​២០១១ វេស្ទើន ដែល​​ទទួល​បាន​​កៅអី​​មិតហ្វូនខេមបូឌានលីក​២០១២ ​ឯ​​ណោះ​វិញ​ ត្រូវ​បាន​គ្រូ​បង្វឹក​លោក ឡាយ សុធា ​ប្រាប់​ថា​ មាន​៣​​លំដាប់​ គឺ​ ​៦០  ៧០ និង​ ១០០​ដុល្លារ​អាមេរិក​ក្នុង​១​ខែ រួម​ជាមួយ​​ការ​ស្នាក់​នៅ​និង​ អាហារ​ប្រចាំ​ថ្ងៃ​​។ លោក​​បន្ថែម​ថា “​តែ​យើង​​​ផ្ដល់​​​អាហា​រូបករណ៍​​៤​ឆ្នាំ​ថែម​​ទៀត ដូច្នេះ​គិត​ទៅ​មិន​ក្រោម​១៥០​ដុល្លារ​អាមេរិក​​នោះ​ទេ។ យើង​នឹង​គិត​គូ​ បន្ថែម ​ឬ ​​យ៉ាង​ណា​តទៀត​​ត្រូវ​ចាំ​មើល​ថា​​ក្រុម​កីឡាករ​​ធ្វើ​បាន​ល្អ​កម្រិត​ណា​​ នៅ​ពាន​​រង្វាន់​សម្ដេច ហ៊ុន សែន ​​ខាង​មុខ​នេះ
    ទន្ទឹម​គ្នា​នេះ​​​លោក គឹម ភក្តី គ្រូ​បង្វឹក​របស់​ក្រុម​ឆ្លាមសមុទ្រ ​​បាន​និយាយ​ដោយ​មិន​លាក់​លៀម​ថា​ ​ប្រាក់​ខែ​របស់​កីឡាករ​ក្នុង​ក្រុម​​មាន​​៤​ប្រភេទ​ ​ដូច​ជា១២០ ដុល្លារ​អាមេរិក ​១០០ ដុល្លា​រ​អាមេរិក ៣០​ម៉ឹនរៀល និង ២៥​ ម៉ឺនរៀល ​និយាយ​ជា​រួម​គឺ​ក្រុម​រៀប​ទៅ​តាម​លំដាប់​ពី​អ្នក​​លេង​បាន​រហូត​ដល់​ កីឡាករ​​វ័យ​ក្មេង​​​ដែល​មិន​ទាន់​អាច​បង្ហាញ​ខ្លួន​លើ​ទីលាន​បាន។ លើស​ពី​នេះ​ ក្រុម​ក៏​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​​ពី​សំណាក់​​ប្រធាន​ក្លិប​ ផង​ដែរ​ពេល​ទទួល​ជ័យជម្នះ។
    “​​មាន​២​០​ ឬ ​៣០​​នាក់​នោះ គឺ​ងាយ​ទេ តែ​យើង​មាន​U13  U15  U17 និង ​ឈុត​ធំ ដែល​សរុប​ទៅ​មាន​កីឡាករ​ជាង​​ពីរ​​រយ​នាក់។ ដូច្នេះ​​​មិន​​អាច​​កំណត់​ប្រាក់​​ខែ​ក្នុង​កម្រិត​​​ជាក់​លាក់​​ណាមួយ​​​ បាន​ទេ។ នេះ​ជា​ការ​អះអាង​របស់​លោក ឱក​ សំណាង ​​អ្នក​ចាត់ការ​ទូទៅ​​​ក្លិប​​ធំ​ផ្ដាច់​គេ ព្រះ​ខ័នរាជ​។ យ៉ាង​ណា​ក្ដី​អ្នក​ចាត់​​ការ​រូប​នេះ​មិន​បាន​ទាត់​ចោល​​សំណើរ​បង្ហើប​​ ប្រាក់​ខែ​ ដែល​​ Sabay បាន​ស្នើ​នោះ​ទេ ដោយ​លោក​​​​​​បន្ត​ទាំង​មិន​ស្ទាក់ស្ទើរ​ថា ច្បាស់​ណាស់​​​ចំណាយ​លើ​សម្ភារៈ និង ​ហូបចុក​គឺ​ច្រើន​​មែនទែន។ ពួក​យុវជន​មាន​ ៥០ ៧០ និង ​៨០​ដុល្លារ​អាមេរិក​​​​ជា​ដើម​ ខណៈ​ ប្រាក់​ខែ​អតិប្បរមា​របស់​ឈុត​ធំ​​គឺ​​​​មាន​ដល់​១៣០​ដុល្លារ​អាមេរិក“​
    ចំណែក​​លោក ឡាំ ទីនី ​​អ្នក​​ចាត់​ការ​​ក្រុម​ជើងឯក​រង​​ មិតហ្វូនខេមបូឌានលីក​២០១១​​ ណាហ្គាខប និយាយ​​ដោយ​គ្មាន​ការ​រារែក​ថា កីឡាករ​យើង​មាន​ប្រាក់​ខែ​ចន្លោះ​ពី១៥០​ ទៅ​ ២៥០​ដុល្លារ ខណៈ ​ដែល​​​កីឡាករ​បរទេស​​​​ប្រហែល​៤៥០​ដុល្លារ​​អាមេរិកក្នុង​មួយ​​ខែ”​ លោក​គូស​បញ្ជាក់​ថែម​ទៀត​​ថា កន្លែង​ស្នាក់​នៅ​ត្រូវ​​​បាន​រ៉ាប់រង​ជូន​​កីឡាករ​មក​ពី​ខេត្ត​​​ រីឯ​ការ ​ហូប​ចុក​មិន​ទទួល​បន្ទុក​ទេ តែ​ផ្ដល់​អង្ករ​ប្រចាំ​ខែ។

    ក្រុមណាហ្គាខប ពេល ទទួល ប្រាក់រង្វាន់ នៃ ពាន មិត្តហ្វូនខេមបូឌានលីក២០១១
    គ្រូ​បង្វឹក​លោក មាស​ សំអឿន មិន​​​​ហាន​បង្ហើប​​ពី​​បា្រក់​ខែ​​​កូន​​ក្រុម​នៅ​បៀលប្រាយយូណាយធីត​នោះ​​ ទេ ហើយ​ បាន​ស្នើ​ឲ្យ​ទាក់​ទង​បន្ត​​ទៅ​អ្នក​ចាត់​ការ​ក្លិប​លោក ប៊ុន ពេជមុន្នី។ Sabay បាន​ហៅ​​ទូរស័ព្ទ​​បន្ត​​ដែរ​​ តែ​​​​ទូរសព័ព្ទ​​មិន​​ដំណើរការ​។ “​ខ្ញុំ​គ្រាន់​តែ​ដឹង​ថា កន្លង​មក​មេ​ខ្ញុំ មិន​ដែល​​​ប្រាប់​​​ពី​ប្រាក់​​ខែ​​កីឡាករ​​ ឲ្យ​អ្នក​កាសែត​ដឹង​ទេ នេះ​​ការ​ឆ្លើយឆ្លង​ទូរស័ព្ទ​ក្នុង​ស្ថានភាព​មិន​ចង់​ឲ្យ Sabay យក​​ Quote មក​ប្រើ​ ​​ពី​លោក ផាន ណារ៉ា មន្ត្រី​​ទទួល​បន្ទុក​កីឡាករ​។
    មក​កាន់​ក្លិប​បាល់ទាត់​កំពូល​ ភ្នំពេញ​ក្រោន​ លោក Andy Brouwer មន្ត្រីទទួល​បន្ទុក​​របស់​ក្លិប​​​សុំ​មិន​​បង្ហាញ​​​ប្រាក់​ខែ​របស់​កីឡាករ ​ក្នុង​ក្លិប​ឡើយ​សូម្បី​តែ​​ប្រាក់​ខែ​ជា​មធ្យម។ ប៉ុន្តែ​ លោក​បាន​បញ្ជាក់​ថា​​​ប្រាក់​ខែ​គឺ​​ត្រូវ​ដឹង​រវាង​​ក្លិប​និង កីឡាករ​តែ​ប៉ុណ្ណោះ​នា​ពេល​នេះ​ទៅ​តាម​កិច្ច​សន្យា​ជាក់​ស្ដែង។
    ទន្ទឹម​នឹង​នេះ​ដែរ ​អគ្គលេខាធិការ​រង និង ជា​អ្នក​នាំ​ពាក្យ​នៃសហព័ន្ធ​​កីឡាបាល់​ទាត់​កម្ពុជា​​លោក ម៉ៃ តុលា ​មាន​ប្រសាសន៍​ថា​ ការ​បង្ហាញ​​ជា​សាធារណៈ​ពី​ប្រាក់​ខែ​កីឡាករ មិន​​មែន​ជា​រឿង​​គួរ​​ឲ្យ​​លាក់​បាំង​នោះ​​ទេ តែ​ពេល​ខ្លះ​កីឡាករ ឬ ​ក្លិប​​មិន​ចង់​​បង្ហាញ​ គឺ ​អាច​មាន​ហេតុផល​។  រីឯ​ការ​កំណត់ និង​ ផ្ដល់​ប្រាក់​ឧបត្ថម្ភ ​ឬ​​ ប្រាក់​ខែ​​​កីឡាករ ​គឺ ​ជា​​កិច្ចការ​របស់​ក្លិប​នីមួយៗ ពោល​មិន​ទាក់ទង​​នឹង​​សហព័ន្ធ​​កីឡា​បាល់ទាត់​កម្ពុជា​ឡើយ​។ លោក​ថា​ការ​​បង្ហាញ​​ប្រាក់​ខែ​ល្អ​​ត្រង់​ថា ឧទាហរណ៍​​ថា កីឡាករ​A ​លេង​នៅ​ក្លិប​១​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​ ដូច្នេះ​​កីឡាករ​ក្លិប​ផ្សេងៗ អាច​​ប្រៀប​ធៀប​ខ្លួន​​​​នឹង​កីឡាករ​ម្នាក់​នោះ ដើម្បី​​កែលម្អ​ខ្លួន និង អាច​​​ទាក់​ទាញ​​រូប​គេ​ពីក្លិប​​​ដែល​មាន​​ប្រាក់​ខែ​ខ្ពស់​ដែរ​​

    (by sabay)

    0 comments:

    Post a Comment