Powered by Traffic Nova

    Sunday, March 25, 2012

    ក្រោនបង្ហាញមុខសមាជិកថ្មី


    មុន​ពេល​បើក​ការ​ប្រកួត​លើក​ដំបូង​របស់​ខ្លួន​ក្នុង​ក្របខ័ណ្ឌ​កំពូល​កម្ពុជា មិត្តហ្វូនខេមបូឌានលីក២០១២ ទល់​នឹង​ក្រុម​យក្ស​ក្នុង​ស្រុក​ ព្រះខ័នរាជ នៅ​រសៀល​ថ្ងៃ​ពុធ​ខាន​ស្អែក​នេះ ក្រុម​កំពូល ភ្នំពេញក្រោន បាន​ប្រកាស​បង្ហាញ​មុខ​សមាជិក​ថ្មី​ចំនួន​៦​នាក់​បន្ថែម​ទៅ​លើ​កីឡាករ​ដែល​មាន​ស្រាប់ ដោយ​ក្នុង​នោះ​មាន​ស្បែក​ខ្មៅ​ចំនួន​៤​នាក់។
    សមាជិក​ថ្មី​ទី​១​គឺ ខ្សែ​បម្រើ​សញ្ជាតិ​ហ្គាណា​វ័យ​២២​ឆ្នាំ​ Emmanuel Frimpong ផ្ទេរ​មក​ពី​ក្លិប Sisaket FC ​នៃ​ក្របខ័ណ្ឌ​កំពូល​របស់​ថៃ Thai Premier League ជា​ទី​ដែល លោក David Booth ធ្វើ​​ជា​គ្រូ​បង្វឹក​នៅ​ទីនោះ​មុន​ពេល​​មក​ធ្វើ​ការ​នៅ​ ក្រោន។ កាល​នៅ​ប្រទេស​ហ្គាណា Frimpong ចំណាយ​ពេល​៥​ឆ្នាំ​លេង​ឲ្យ​ក្លិប​អាជីព​ Liberty Professionals ជា​ក្លិប​​​ខ្លាំង​មួយ​ក្នុង​លីក​កំពូល​ហ្គាណា​ដែល Sulley Muntari, Asamoah Gyan, Michael Essien, Derek Boateng និង Kojo Asamoah លេង​នៅ​ទី​នោះ​មុន​ពេល​ពួក​គេ​ផ្ទេរ​មក​ទ្វីប​អឺរ៉ុប។



    សមាជិក​ម្នាក់​ទៀត​ដែល​មក​ជួយ​ពង្រឹង​តំបន់​បម្រើ​របស់ ក្រោន គឺ​ខ្សែ​បម្រើ​វ័យ​២០​ឆ្នាំ​សញ្ជាតិ​នីហ្សេរីយ៉ា Henry Asonibe មិន​ប្លែក​ឡើយ​សម្រាប់ Asonibe ត្បិត​ខ្សែ​បម្រើ​រូប​នេះ​ជា​អតីត​កីឡាករ​​របស់​ក្លិប Spark FC ដែល​ប្ដូរ​ឈ្មោះ​មក​ជា​ Wat Phnom ក្នុង​រដូវ​កាល​២០០៩​និង​២០១០។
    ក្រៅ​ពី​ខ្សែ​បម្រើ​២​នាក់​នេះ ក្រោន មិន​ភ្លេច​នាំ ខ្សែ ​ប្រយុទ្ធ​​បន្ថែម​មក​សម្រួច​ការ​វាយ​លុក​​នៅ​តំបន់​គ្រោះ​ថ្នាក់​គូ​ប្រកួត ​នោះ​ទេ។ ខ្សែ​ប្រយុទ្ធ​នោះ​គឺ Melvin Tarley វ័យ​២៩​ឆ្នាំ ជា​សមាជិក​ក្រុម​ជម្រើស​ជាតិ​លីបេរីយ៉ា​​និង​ធ្លាប់​បង្ហាញ​ខ្លួន​ជា​លក្ខណៈ ​អន្តរជាតិ​ឲ្យ​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​ខាង​លិច​នេះ​បាន​២​លើក​ផង​ដែរ។ Tarley ចំណាយ​ពេល​ជាង​១០​ឆ្នាំ​លេង​ឲ្យ​ក្លិប​អាជីព​ល្បី​ៗ​នៅ​អាមេរិក មុន​ពេល​ត្រូវ​បាន​​គ្រូ​បង្វឹក​សញ្ជាតិ​អង់គ្លេស​ David Booth នាំ​មក​ជួយ​ ក្រោន ក្នុង​ឆ្នាំ​២០១២​នេះ ក្លិប​ដែល Tarley ធ្លាប់​លេង​ឲ្យ​មាន​ដូច​ជា Alliance FC, Minnesota Thunder, Real Salt Lake, Colorado Rapids, Puerto Rico Islanders, និង Miami FC។ កាល​ស្ថិត​ក្នុង​វ័យ​១៨​ឆ្នាំ Tarley ក៏​ធ្លាប់​លេង​ឲ្យ​ក្លិប Chaspel FC របស់​ប្រទេស​ហុងគ្រី​រយៈ​ពេល​ខ្លី​ផង​ដែរ។

    Melvin Tarley, Striker
    សមាជិក​ថ្មី​ទី​៤​គឺ ខ្សែ​ការពារ​ជម្រើស​ជាតិ​កម្ពុជា​វ័យ​២៣​ឆ្នាំ​ ភ័ក្រ រ៉ាឌី ដោយ​មាន​ស្រុក​កំណើត​នៅ ស្រុក​ពញាឮ​ ខេត្ត​កណ្ដាល រ៉ាឌី ធ្លាប់​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើស​ខេត្ត កណ្ដាល និង​ កំពង់ស្ពឺ មុន​ពេល​មក​ចូល​រួម​ជាមួយ​ក្លិប ភ្នំពេញអឹមផាយអឺ និង​ក្លិប ខេមរាកីឡា។ ហើយ​មុន​នឹង​សម្រេច​ចិត្ត​មក​ចូល​រួម​ជាមួយ​ក្លិប​ជើងឯក​ជាតិ​កំណត់ត្រា​៤​សម័យ​កាល ក្នុង​រដូវ​កាល​២០១២​នេះ រ៉ាឌី ចំណាយ​ពេល​៣​ឆ្នាំ​លេង​ឲ្យ​ក្លិប ក្រសួងការពារជាតិ។
    ពីរ​នាក់​ផ្សេង​ទៀត​ដែល ​ក្រុម​ជើងឯក​រង AFC President’s Cup 2011 បញ្ចូល​ក្នុង​បញ្ជី​កីឡាករ​​ឈុត​ធំ​ទាំង​២៩​នាក់​របស់​ខ្លួន​សម្រាប់​ប្រកួត ​ប្រជែង​យក​ពាន មិត្តហ្វូនខេមបូឌានលីក ឆ្នាំ​២០១២​នេះ គឺ​ខ្សែ​ប្រយុទ្ធ​ល្បឿន​លឿន​ ចាន់ ឆាយ៉ា និង Kingsley Njoku ដែល​កីឡាករ​វ័យ​២៥​ឆ្នាំ​ទាំង​២​នាក់​នេះ​សម្រេច​ចិត្ត​ចូល​រួម​ជាមួយ ​ក្រោន ជា​ថ្មី​ឡើង​វិញ បន្ទាប់​ពី មាន​បញ្ហា​ពេល​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ President’s Cup ជាមួយ Taiwan Power Company នៅ​តៃវ៉ាន់ កាល​ពី​ខែ​កញ្ញា​ឆ្នាំ​ទៅ។ ប៉ុន្តែ​ ខ្សែ​ប្រយុទ្ធ​ដែល​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​រក​គ្រាប់​បាល់​ឲ្យ​ ​​ក្រោន ឈ្នះ​ជើងឯក​ជាតិ​និង​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​លំដាប់​ទី​៣​ ប្រចាំ​ទ្វីប​អាស៊ី​ទាំង​២​រូប​នេះ​នៅ​មិន​ទាន់​រួច​ផុត​ពី​បម្រាម​របស់​ សហព័ន្ធ​បាល់ទាត់​ទ្វីប​អាស៊ី​ AFC នៅ​ឡើយ​ទេ៕

    1 comments:

    1. https://zazbet.com/ - BIG COMBO BETS for your real success and profit from betting !

      ReplyDelete